វេទិកា​សាធារណៈ ស្ដីពី​ស្ថានភាព និង​ការគ្រប់គ្រងម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា​សម្រាប់​ឆ្នាំ​២០១៦
 

  • ភាសាខ្មែរ »

នៅ​ថ្ងៃទី ១៨ ខែ ​កុម្ភៈ វេលាម៉ោង ៨:៤០​នាទីព្រឹក នៅ​សាល​ប្រជុំ អាគារ «ឃ» នៃ​ទីស្ដីការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំ​វេទិកា​សាធារណៈមួយ​ស្ដីអំពី «ស្ថានភាព និង​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា​សម្រាប់​ឆ្នាំ២០១៦។ វេទិកានេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ឱ្យ​សាធារណៈជន ស្វែងយល់​កាន់​តែទូលំទូលាយ ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា, ទិសដៅ​ក្នុង​ការបែងចែក​ថវិកាជាតិ ឆ្នាំ២០១៦ និង យុទ្ធសាស្ត្រ​ការគ្រប់គ្រង​បំណុល ប្រកប​ដោយចីរភាព។ វេទិកា​បែបនេះ​កន្លង​មកធ្លាប់មាន​ម្តងរួចហើយ ក៏ប៉ុន្តែ​លើកនេះ​គឺ​មានលក្ខណៈ​ពិសេស ដោយ​មាន​បន្ថែម​នូវ យុទ្ធសាស្ត្រ​គ្រប់គ្រងបំណុលសាធារណៈ។ ទន្ទឹមនឹងនេះ ជាមួយនឹង​ការផ្សព្វផ្សាយ ឱ្យ​បាន​ទូលំទូលាយ​ជូនសាធារណៈជន វេទិកា​ក៏បើក​ទូលាយ​ទទួល​នូវ​មតិយោបល់ទាំងឡាយ ដើម្បីជាធាតុចូល​ក្នុង​ការកែលម្អ​ឱ្យ​វេទិកា​លើក​ក្រោយៗ កាន់តែមានប្រសិទ្ធភាព និង​ការផ្សព្វផ្សាយ​កាន់តែ​មាន​ភាព គ្រប់​ជ្រុងជ្រោយ ជូនដល់​សាធារណៈជន។